Recent Posts

Download

ប្រវត្តិប្រាសាទខ្មែរ

ប្រាសាទបន្ទាយស្រី

ប្រាសាទនេះ​ ស្ថិតនៅ​ទិស​ឥសាន្តនៃក្រុង​អង្គរធំ​(ប្រាសាទ​បាយ័ន) ចំងាយ​២៥គម ក្នុង​ភូមិ​បន្ទាយ​ស្រី ឃុំ​បន្ទាយ​ស្រី ស្រុកបន្ទាយ​ស្រី ដែល​សង់ឡើង​នៅ​ស.វ​ទី​១០​(៩៦៧) ​ដោយ​ព្រះ​បាទ​ រេជិន្រ្ទ​វរ័្មន​ទី២ និង​ព្រះបាទ​ ជ័យ​វរ្ម័ន​ទី៥ ដើម្បី​ឧទ្ធិស​ដល់​ព្រះ​សិវៈ។
ប្រវត្តិ​សង្ខេបប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី ជាប្រាសាទ​ដ៏​សែន​មនោរម្យ ​ហើយ​គឺ​ជា​រមណីយ​ដ្ឋាន​ដែល​គេ​ចូល​ចិត្ត​បំផុត។​ប្រាសាទ​នេះ​តូច​ពិត​មែន តែ​មាន​សម្រស់​​ពេសស​គួរ​ឲ្យ​ចង់​គយ​គន់ ដែល​នៅ​គង់​វង្ស​ជា​រៀង​រហូត​មក​ តែ​ប្រាសាទ​នេះ​មាន​ទំ​ហំ​តូច​ ហើយ​ប្រកប​ទៅ​ដោយ​ចម្លាក់​ក្បូរ​ក្បាច់​រចនា​ មាន​ឧត្តម​ភាព​ខ្ពង់​ខ្ពស់​ក្រៃ​លែង។ ដូច្នេះ​ហើយ​ បាន​ជា​អ្នក​បុរាណ​វិទ្យា​ជន​ជាតិ​បារាំង​ជាច្រើន​នាក់ ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ប្រាសាទ​ក្នុង​តំបន់​អង្គរ បាន​មូល​មតិ​គ្នា​ជា​ឯកច័្ឆន្ទថា ប្រាសាទ​បន្ទាយ​ស្រី​គឺ​ប្រៀប​បាន​ទៅ​នឹង​ត្បូង​មួយ​ដុំ ដែល​មាន​តម្លៃ​ក្រៃ​លែង​រក​វត្ថុ​អ្វី​មួយ​មក​ប្រៀប​ផ្ទឹម​ពុំ​បានឡើយ ហើយ​គឺ​ជា​រតនៈ វត្ថុមួយ​ដែល​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​ស្នាដៃ​នៃ​សិល្បៈ​ខ្មែរ​យើង​កាល​ពី ​សម័យ​ដើម។
ប្រាសាទ​បន្ទាយ​ស្រី ស្ថាបនា​ឡើង ដោយ​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ថា យជុវរៈហ ត្រូវ​ជា​ចៅ​ប្រុស​បង្កើត​របស់​ព្រះ​បាទ ហសវរ័្មនទី២។ បើ​យោង​ទៅ​តាម​ការ​អត្ថាធិប្បាយ​របស់​អក្សរ​ចារិក​នៅ​នឹង​ប្រាសាទ​បាន​ បញ្ជាក់ថា ក្បូរ​ក្បាច់​រចនា​ប្រាសាទ​នេះ​ បានចម្លង​របៀប​ពី​ប្រទេស​ឥណ្ឌា ផ្ទៃមុខ​របស់​ចម្លាក់​​បដិមា​មាន​ទឹក​មុខ​ញញឹម​ស្រស់​បស់​ ដែល​ស្ថាបនា​ឡើង​ពី​ថ្ម​ភក់រឹង​ម្យ៉ាង​ពណ៌​ស៊ី​ជម្ពូ ដែល​គេ​ធ្វើ​តាម​របៀប​ឆ្លាក់​នៃ​ចម្លាក់​ឈើ​ច័ន្ទគ្រឹស្នា​ពី​ប្រជាជន​​ ឥណ្ឌា​នាសម័យ​ដើម។ ប្រាសាទ​បន្ទាយ​ស្រី​បាន​រុក​រក​ឃើញ​ដោយ​ជន​ជាតិ​បារាំង​ម្នាក់​នៅ​ឆ្នាំ​ ១៩១៤ តែ​នៅ​ក្នុង​ឆ្នាំ​ដែល​បាន​រក​ឃើញ​រហូត​ដល់​ឆ្នាំ​១៩២៤ គេ​ពុំ​បាន​កាប់​ឆ្ការ​អ្វី​ឡើយ។ នៅ​ក្នុង​ឆ្នាំ​១៩២៣ មាន​អំពើ​ចោរកម្ម​ដោយ​ពួក​បច្ចឹម​ប្រទេស​ បាន​មក​លួច​រូប​ចម្លាក់​ព្រម​ទាំង​ក្បាច់​ផ្តែរ​ ដែល​មាន​តម្លៃ​ជា​ច្រើន​យក​ទៅ​ប្រទេស​វា​ ពេល​នោះ​ទើប​មាន​វិធាន​ការ​ធ្វើការ​ស្រាវជ្រាវតាមរបៀប​បុរាណ​វិទ្យា ចាប់​ពី​ពេល​នោះ​មក។ ចោរ​រូប​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ទុក​ហើយ​បញ្ជូន​ទៅ​ក្រុង​ភ្នំ​ពេញ។ មិន​យូរ​ប៉ុន្មាន​ចោរ​រូប​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​រួច​ខ្លួន​វិញ​ ក្រោយ​ពី​យក​ផ្ទាំង​ចម្លាក់​ទាំង​ឡាយ​ដែល​ខ្លួន​លួច​បាន​ប៉ុន្មាន​ត្រឡប់​មក ​វិញ។ ប្រាសាទ​បន្ទាយ​ស្រី​ជា​ប្រាសាទ​ដំបូង​គេ​នៅ​តំបន់អង្គរ ដែល​ត្រូវ​បាន​គេ​​ជួស​ជុល​ឡើង​យ៉ាង​ត្រឹម​ត្រូវ​ បន្ទាប់​ពី​ជនជាតិ​បារាំង​ធ្វើ​ការ​ស្រាវ​ជ្រាវនូវ​ក្បួន​មួយ​ចំនួន​ពី​ ប្រាសាទ​BOROUDUR នៅ​ប្រទេស​ជ្វាមក។
កុំចាំ ​បាច់​ភ្ញាក់​ផ្អើល​ធ្វើ​អ្វី នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ អ្នក​នឹង​ឃើញ​ប្រាសាទ​នេះ​មាន​ទំហំ​ប្រកប​ដោយ​សភាព​តូច​ច្រឡឹង។ ទោះ​ជា​ប្រាសាទ​នេះ​មាន​ទំហំ​តូច​ហើយ​ប្លង់​តូច​ខុស​ខ្នាត​ពិត​មែន​តែ​ ស្ថាបត្យ​កម្ម ព្រម​ទាំង​ក្បូរ​ក្បាច់​រចនា​ដែល​តុប​តែង​លំអរ​ប្រាសាទ​ជុំ​វិញ​មាន​គុណ​ភាព ​ដ៏​ល្អ​ប្រណិត។ បើយោង​ទៅ​តាមលោក​ Mauri Glaize បាន​សរសេរ ​បញ្ជាក់​អះអាង​ថា ប្រាសាទ​បន្ទាយ​ស្រី ជា​ប្រាសាទ​មួយ​ដែល​ល្អ​ជាង​គេ​បំផុត ដែល​​បាន​ដក់​ជាប់​ក្នុង​ទឹក​ចិត្តរបស់​មនុស្ស​គ្រប់​រូប​ ដែល​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​នឹង​​គិត​ចាំ​ជា​និច្ច​ រហូត​រក​ទី​បំផុត​គ្មាន។ អក្សរ​ចារិក​ដែល​អត្ថាធិប្បាយ​ពី​សាច់​រឿង​ប្រាសាទ​នេះ គេ​បាន​រក​ឃើញ​នៅ​ខាង​ក្នុង​ទ្វារ​ចូល​នៃ​កំផែង​ជាន់​ទីមួយ​ កាល​ពី​នៅ​ឆ្នាំ​១៩៣៦។ ប្រាសាទ​បន្ទាយ​ស្រី​មាន​ប្លង់​រាង​ជា​ការេ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​កំផែង​ថ្ម ​បាយ​ក្រៀមមួយ មាន​ទ្វារ​ចូល​ពីរ មួយ​ស្ថិត​នៅ​ខាង​កើត មួយ​ស្ថិត​នៅ​ខាង​លិច។ ប្រាសាទ​នេះ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​កំផែង​បី​ជាន់ ចំពោះ​ផ្លូវ​ខាង​កើត​ជញ្ជាំង​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម ដោយ​ទ្វារ​ចូល​មាន​រាង​ជា​ក្រឡា​ចក្រ​ត្រង់​លំអរ​ទៅ​ដោយ​ទ្វារមួយ​នៅ​តាម​ ជ្រុង​នីមួយៗ។ ចំណែក​ឯ​សសរ​ស្តំ​វិញធ្វើឡើង​ពី​ថ្មភក់។ នៅ​លើ​ហោ​ជាង​គេ​បាន​អត្ថាធិប្បាយ​នូវ​សាច់​រឿង​របស់​ព្រះ​ឥន្រ្ទទ្រង់​គង់​ ប្រថាប់​នៅ​លើ​ដំរី​ក្បាល​បី។ នៅ​លើ​ហោ​ណាំ​ង​ខាង​កើត​ ធ្វើ​ឡើង​ពី​ថ្ម​ពណ៌​ក្រហម​ហើយ​មាន​ក្បូរ​ក្បាច់​ល្អ​ប្រណិត។ នៅ​ជាប់​កំផែង​ប្រាសាទ​មាន​ផ្លូវ​ចូល​វែង​មួយ ដែល​សុទ្ធ​សឹង​តែ​លំអរ​ទៅ​ដោយបង្គោល​ថ្មភក់ជា​ច្រើន​ស្ថិតនៅ​អម​សង​ខាង។ រីឯ​នៅ​តាម​សង​ខាង​ផ្លូវ​ចូល​វិញ​មាន​បន្ទប់​រោង​ទង​ជា​ច្រើន ជញ្ជាំង​ធ្វើ​លឡើង​ពី​ថ្ម​បាយ​ក្រៀម ចំណែក​ឯ​សសរ​ពេជ្រ​វិញ​ធ្វើ​ឡើង​ពី​ថ្ម​ភក់​នៅ​ចំ​ផ្នែក​កណ្តាល​នៃ​បន្ទប់​ រោង​ទង​ទាំង​នេះ មាន​លំអរ​ទៅ​ដោយ​ទ្វារតូចៗ​ជា​ច្រើន។ នៅ​ខាង​ឆ្វេង​ដៃ​នៅ​ផ្លូវ​ចូល​នេះ មាន​បន្ទប់​វែងៗ​បីខ្នង​នៅ​ស្រប​គ្នា​ទាំង​អស់។ សំណង់​ទាំង​បី​ខ្នង​លយ​ពី​ជើង​ទៅ​ត្បូង​ រីឯ​នៅ​ខាង​ស្តាំ​វិញ​មាន​សំណង់​តែ​មួយ​គត់​លំអរ​ដោយ​ហោ​ជាង​មួយ​​ដ៏​ល្អ​ ប្រណិត​ ហោជាង​បាន​អធិប្បាយ​នូវ​សាច់​រឿង​នៃ​អវតា​មួយ​​របស់​ព្រះ​វិស្ណុ​ឈ្មោះ​នរសឹង្ហ។ ព្រះ​អង្គ​ទ្រង់​ប្រយុទ្ធ​ជាមួយ​ស្តេច​យក្ស ដោយ​ចាប់​ហែក​ស្តេច​យក្ស​នោះ។ នៅ​ចុង​សង​ខាង​ផ្លូវ​ចូល​មាន​ហោង​ជាង​មួយ​ផ្ទាំង​ នៅ​ប៉ែក​ខាង​ស្តាំ​ដៃ​សណ្តូក​ត្រដឹង​នៅ​លើ​ដី​ ហោ​ជាង​នោះ​អធិប្បាយ​នូវ​រឿង​មួយ​នៃ​រឿង​រាមកេរ្តិ៍ ត្រង់​នាងសេដា​ត្រូវ​ក្រុង​រាពណ៍​ចាប់​ពង្រត់​ទៅ​ក្រុង​លង្កា។ មាន​ស្រះ​ទឹក​មួយ​នៅ​ក្នុង​កំផែង​ជាន់​ទី​មួយ (១១៥.៩៥)​ ចំណែក​ឯ​កំផែង​ទី​ពីរ​វិញ ធ្វើឡើង ពី​ថ្មបាយ​ក្រៀម ក្លោង​ទ្វារ​មួយ​នៅ​ខាង​កើត​ មួយ​ទៀត​នៅ​ខាង​លិច​(៣៨ម)។ នៅ​បរិវេណ​ខាង​ក្នុង​មាន​សំណង់​ថ្ម​បាយ​ក្រៀម​បន្ថែម​ចំនួន​៦​ទៀត។ សំណង់​ពីរ​ឋិត​នៅ​ខាង​កើត​ ចំណែក​ពីរ​ទៀត​ឋិត​នៅ​ខាង​លិច ហើយ​នឹង​សំណង់​ពីរ​ខ្នង​វែងៗ​ទៀត មួយ​ខ្នង​ឋិត​នៅ​ខាង​ជើង​ មួយ​ខ្នង​ទៀត​ឋិត​នៅ​ខាង​ត្បូង។ សំណង់​ទាំង​អស់​នេះ​ជា​ផ្ទះ​សំណាក់​សម្រាប់​ធ្វើ​សមាធិ។ ចំណែក​ទ្វារ​ចូល​ពីរ​ខាង​កើត​របស់​កំផែង​នេះ​ មាន​រាង​ជា​ក្រឡា​ចក្រ​ត្រង់​ព្រម​ទាំង​មាន​ហោ​ណាំង​ពីរ​ ហើយ​មាន​ហោ​ជាង​ជា​ច្រើន​ដែល​គេ​សាង​ឡើង​យ៉ាងហ្មត់​ចត់​នៃ​ស្ថាបត្យ​កម្ម​ពី ​ឈើ​ទាំងអស់​ ហើយ​ចុង​សង​ខាង​ហោ​ជាង​វិញ​ គេ​ឆ្លាក់​រាង​ត្រី​កោណ​រាង​ដូច​គូថ​ខ្យង។ ចំណែក​ឯ​នៅ​តាម​ស៊ុម​ទ្វារវិញ​ បណ្ណាល័យ​ពីរ​ខ្នង​ស្ថិត​នៅ​ខាង​ក្នុង​បរិវេណ​ប្រាសាទ​ បណ្ណា​ល័យ​មួយ​ខ្នង​ឋិត​នៅ​ខាង​ឆ្វេង មួយ​ខ្នង​ទៀត​ឋិត​នៅ​ខាង​ស្តាំ ហើយ​ចំហរ​ទ្វារ​ទៅ​ខាង​លិច។ ជញ្ជាំង​បណ្ណាល័យ​ទាំង​ពីរ​ខ្នង​នេះ ធ្វើ​ឡើង​ដោយ​ដំបូល​រាង​កោង​​ធ្វើ​ឡើងពី​ឥដ្ឋ។
ប្រាសាទអង្គរវត្ត
អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប។ នគរវត្ដជាស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។

 អំពីឈ្មោះប្រាសាទ

ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថាទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ ។ រួមន័យមក អង្គរវត្តមានន័យថាជាទីក្រុងដែលមានវត្តពុទ្ធសាសនា។
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា “ប្រាសាទបរមវិស្ណុលោក“។ ការវិវត្តន៍នៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ តាមសិលាចារិកនៅសតវត្សរ៍ទី១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក។ ពាក្យ ឥន្ទ្រប្រត្ថ មានន័យថា “ទីក្រុងរបស់ព្រះឥន្ទ“។ មួយចំណែកទៀតនៅសតវត្យរ៍ទី១៧ត្រូវបានគេហៅថា “ឥន្ទបត្ថម្ភានគរស្រីសុធរវពិស្ណុលោក“។
ឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់ប្រាសាទដែលជាបូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរជាពិសេសអ្នករស់នៅខេត្តសៀមរាបច្រើននិយមហៅឈ្មោះរួមមួយថា អង្គរវត្តតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៅលើពិភពលោកទាំងអស់បានកំណត់ហៅឈ្មោះរួមមួយថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។

ប្រវត្តិ

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទព្រះបាទសូរ្យវរ្ម័នទី២(ខ្លះសរសេរ :ព្រះបាទសូរិយាវរ្ម័នទី២) (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល[១]
បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែការវិវត្តន៍នៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក(ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនាហិនយាន។ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែននៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជាវត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្ថបុរីខាងត្បូង និង ឥន្ទបត្ថបុរីខាងជើង ។ ការហៅទៅលើឈ្មោះថាពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺបរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថាស្រីយសោថបុរ ។) ហើយមួយចំណែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្ថម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរវត្តតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្ត។

 ស្ថាបត្យកម្ម

ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព ។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង ។

 ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត

ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី ២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេតា និងពួកអសុរៈ ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត)។

No comments:

Post a Comment

 

Sample text

Sample Text

Sample Text